អ្នកគួរវិនិយោគអ្វីខ្លះលើខ្លួនឯង មុននឹងវិនិយោគលើអាជីវកម្ម?

September 20, 2018

មុននឹងឈានទៅដល់ការវិនិយោគលើអាជីវកម្ម អ្នកគួរតែចំណាយពេលយ៉ាងតិច ៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធ្វើការវិនិយោគលើខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិន។ នេះជាចំនុចទាំង៥ ដែលអ្នកមិនគួរមើលរំលង៖

 

១. វិនិយោគលើចំនេះដឹងទ្រឹស្តី និងចំនេះធ្វើ៖ ធ្វើការសិក្សារស្រាវជ្រាវបន្ថែមតាមរយៈការអានអត្ថបទ ឬសៀវភៅនានាដែលទាក់ទងនឹងអាជីវកម្ម ឬការបង្កើតផែនការអាជីវកម្ម និងស្វែងយល់ពីឲ្យបានច្បាស់ពីការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មជាក់ស្តែងតាមរយៈការប្រឡូកក្នុងវិស័យការងារផ្សេងៗដែលទាក់ទងនឹងអាជីវកម្មដែលអ្នកចង់ធ្វើ។ មិនត្រឹមតែប៉ុណ្ណោះអ្នកអាចឆ្លៀត ពេលទំនេរក្នុងចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានាដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ខ្លួនអ្នក។

 

២. វិនិយោគលើជំនាញ៖ ធ្វើការកំណត់គោលដៅអាជីវកម្មដែលអ្នកចង់ធ្វើឲ្យបានច្បាស់លាស់ ហើយផ្តោតការយកចិត្តទុកដាក់រអភិវឌ្ឍជំនាញនោះឲ្យច្បាស់ប្រាកដ ហើយចំណាយពេលវេលាមួយចំនួនទៀតសិក្សាបន្ថែមលើជំនាញផ្សេងៗដែលអ្នកនឹងប្រើក្នុងការគ្រប់គ្រងអាជីវកម្ម។ ជំនាញអាចចាត់ទុកជាដើមទុនមួយដ៏សំខាន់ ដែលផ្តល់នៅអត្ថប្រយោជន៍ជាចំបងក្នុងការគ្រប់គ្រងអាជីវកម្មមួយឲ្យមានដំណើរការល្អ។

 

៣. វិនិយោគលើបទពិសោធន៍៖ ការគ្រប់គ្រងអាជីវកម្មមួយបានល្អប្រសើរ មិនមែនទាមទារឲ្យអ្នកមានតែផែនការអាជីវកម្មល្អតែមួយនោះទេ តែវាទាមទារឲ្យអ្នកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមផ្សេងៗនៅលើទីផ្សារជាក់ស្តែង មុននឹងធ្វើការសម្រេចចិត្តណាមួយ។ បទពិសោធន៍ទាំងនោះរួមមាន ការយល់ដឹងពីឥរិយាបទ និងតម្រូវការអតិថិជន ការប្រកួតប្រជែងក្នុងទីផ្សារ និងការដោះស្រាយបញ្ហាផ្សេងៗរបស់អតិថិជន។ 

 

៤. វិនិយោគទៅលើការពង្រីកបណ្តាញទំនាក់ទំនង៖ ការប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីអាចផ្តល់ឱកាសឲ្យអ្នកអាចអភិវឌ្ឍជំនាញផ្នែកលក់ និងទំនាក់ទំនង ជួបជាមួយម្ចាស់អាជីវកម្មដែលអ្នកអាចនឹងធ្វើការជាមួយ មិនត្រឹមតែប៉ុណ្ណោះអ្នកប្រហែលជាអាចស្វែងរកឃើញអតិថិជនដែលអ្នកនឹងផ្តល់សេវាកម្ម ឬលក់ផលិតផលនាពេលអនាគតផងដែរ។

 

៥. វិនិយោគលើការបង្កើតម៉ាកសញ្ញាខ្លួនឯង៖ ដើម្បីទទួលបានទំនុកចិត្ត និងភាពជឿជាក់ អ្នកគួរតែព្យាយាមក្នុងការបង្កើតម៉ាកសញ្ញាមួយដល់ខ្លួនឯង តាមរយៈការបង្ហាញពីជំនាញឯកទេសរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួន និងការចូលរួមក្នុងសកម្មភាពនានាដែលពាក់ព័ន្ធនឹងជំនាញរបស់អ្នក។

 

អត្ថបទ៖ ក្រុមការងារ The Desk Coworking Space