ចំណុច៥ ដែលអ្នកគួរប្រើប្រាស់កន្លែងធ្វើការរួម (Coworking Space) ពេលចាប់ផ្តើមអាជីវកម្មដំបូង

September 19, 2018

ចំណុច៥ ដែលអ្នកគួរប្រើប្រាស់កន្លែងធ្វើការរួម (Coworking Space) ពេលចាប់ផ្តើមអាជីវកម្មដំបូង 

ដោយសង្កេតឃើញថាទំនោរនៃការចាប់ផ្តើមអាជីវកម្មខ្នាតតូច និងមធ្យមមានការកើនឡើងគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន តម្រូវការក្នុងការស្វែងរកទីតាំង ឬការិយាល័យធ្វើអាជីវកម្មក៏កាន់តែមានតម្រូវការកើនឡើងខ្ពស់ស្របពេលជាមួយគ្នាផងដែរ។ ប៉ុន្តែទីតាំងអគារភាគច្រើនជួលជាលក្ខណៈទំហំធំ ហើយតម្លៃទៀតសោតក៏នៅតែជាបញ្ហាចោទសម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្ម។ ខាងក្រោមនេះគឺចំនុច៥ ដែលអ្នកគួរពិចារណាក្នុងការជួលកន្លែងធ្វើការរួម (Coworking Space) ពេលចាប់ផ្តើមអាជីវកម្មដំបូង៖ 

១. កាត់បន្ថយការចំណាយក្នុងការជួលការិយាល័យ និងទិញសម្ភារៈការិយាល័យ៖ កន្លែងធ្វើការត្រូវបានរៀបចំរួចជាស្រេចនូវតុ កៅអី ធ្នើរដាក់សម្ភារៈ ការប្រើប្រាស់អុីនធើណែត ទឹកភ្លើង ម៉ាសុីនកូពី ស្កេន និងព្រីនធើ កាហ្វេ តែ និងទឹកពិសារ។ ក្រៅពីនេះទៀតកន្លែងធ្វើការរួមនីមួយៗសុទ្ធតែមានគ្រឿងបរិក្ខារដូចជា ប្រូជីកទ័រ (Projector) បន្ទប់និយាយទូរស័ព្ទ (Telephone Booth) បន្ទប់វីដេអូ (Skype Room) និងបន្ទប់ប្រជុំ ដែលអ្នកអាចប្រើប្រាស់បានបន្ថែម។

 

២. បរិយាកាសធ្វើការរស់រវើក៖ អ្នកនឹងមិនគិតថាខ្លួនអ្នក ឬក្រុមការងាររបស់អ្នកនៅឯការតែឯងនោះទេ ដោយសារនៅទីនេះសំបូរទៅដោយក្រុមអ្នកចាប់ផ្តើមអាជីវកម្មផ្សេងៗជាច្រើនដែលអ្នកអាចធ្វើការប្រាស្រ័យទាក់ទងជាមួយគ្នាបាន ហាក់ដូចជាអ្នកកំពុងតែធ្វើការនៅក្រុមហ៊ុនមួយដែលមានបុគ្គលិករាប់សិបនាក់អញ្ចឹង។

 

៣. ការបង្កើនទំនុកចិត្តពីអតិថិជន៖ អ្នកនឹងទទួលបានទំនុកចិត្តបន្ថែមពីអតិថិជនរបស់អ្នករាល់ពេលដែលបានការណាត់ជួបពិភាក្សាការងារនានា ព្រោះថាអ្នកមានទីតាំងការងារច្បាស់លាស់ និងមានបន្ទប់ប្រជុំសមរម្យល្មមក្នុងការពិភាក្សាការងាររបស់អ្នកជាមួយអតិថិជន ដៃគូការងារ និងវិនិយោគិននានា។

 

៤. ការផ្តល់ជូននៅវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីអំពីធុរកិច្ច៖ កន្លែងធ្វើការរួមតែងតែអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្ម មកចែករំលែកចំនេះដឹង យោបល់ ជំនាញ និងបទពិសោធន៍ ដែលពួកគាត់ធ្លាប់ឆ្លងកាត់ក្នុងការប្រកបអាជីវកម្ម ដូចនេះអ្នកទទួលបាននូវគំនិតថ្មី និងល្អៗបន្ថែមទៀតសម្រាប់អភិវឌ្ឍអាជីវកម្មរបស់អ្នក។ 

 

៥. ទទួលបានឱកាសក្នុងការប្រឹក្សាយោបល់ ពង្រីកបណ្តាញទំនាក់ទំនង និងវិនិយោគទុនបន្ថែម៖  ប្រសិនបើអ្នកមានផែនការអាជីវកម្មល្អ តែអ្នកខ្វះខាតនៅធនធានមនុស្ស ការប្រឹក្សាយោបល់ និងបញ្ហាហិរញ្ញវត្ថុ អ្នកអាចពិភាក្សាជាមួយអ្នកគ្រប់គ្រងកន្លែងធ្វើការរួមបាន ក្នុងការស្វែងរកជំនួយផ្នែកធនធានមនុស្ស ហិរញ្ញវត្ថូ និងដៃគូសហការនានា។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចមានឱកាសប្រកួតប្រជែងគម្រោងអាជីវកម្មក្នុងស្រុក និងក្រៅស្រុក ដើម្បីអភិវឌ្ឍផែនការអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ និងរីកចម្រើនទៅមុនថែមទៀត។

 

អត្ថបទ៖ ក្រុមការងារ The Desk Coworking Space